ជំពូកទី ១១ ថ្មី
អំពីអំណាចតុលាការ
- អំណាចតុលាការធានារក្សាអនាគតិនិងការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ ។
- អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់រួមទាំងរឿងក្តីរដ្ឋបាលផង ។
- អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូលនិងសាលាជំរះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់ ។
- មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្តី ។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់និងឱ្យអស់ពីដួងចិត្តនិងសម្បជញ្ញៈរបស់ខ្លួន ។
- ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឱ្យធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ ។
- ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រមនិងព្រះរាជអាជ្ញាអមសាលាជំរះក្តីទាំងអស់ ។
- ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រមនិងព្រះរាជអាជ្ញា ត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូលឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យដោយករណីទាក់ទងនឹងចៅក្រមឬព្រះរាជអាជ្ញា ។