ជំពូក ទី ៥
អំពី សេដ្ឋកិច្ច
មាត្រា ៥៦.-
- ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ។
- ការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់ ។
មាត្រា ៥៧.-
- ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមានច្បាប់អនុញ្ញាត ។ ថវិកាជាតិត្រូវបានកំណត់ឲ្យអនុវត្តតាមច្បាប់ ។
- របបគ្រប់គ្រងរូបិយវត្ថុនិងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងច្បាប់។
មាត្រា ៥៨.-
- ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្ទ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្ទ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ ។
- ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់ ។
មាត្រា ៥៩.-
- រដ្ឋត្រូវរក្សាការពារបរិដ្ឋាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិហើយត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្តសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី រ៉ែ ឋាមពល ប្រេងកាត និងឧស្ម័ន ថ្មនិងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល ។
មាត្រា ៦០.-
- ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី ។ ការតម្រូវឲ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាត ។
មាត្រា ៦១.-
- រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យ កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើ នយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន ។
មាត្រា ៦២.-
- រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ។
មាត្រា ៦៣.-
- រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ ។
មាត្រា ៦៤.-
- រដ្ឋហាមឃាត់និងផ្តន្ទាទោសជាទម្ងន់ដល់ជនណា ដែលនាំចូល ផលិត លក់ដូរ គ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើដែលប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់អ្នកប្រើ ។