ជំពូក ទី ៦
អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
មាត្រា ៦៥.-
- រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កំរិត និងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឲ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប ។
- រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយនិងកីឡា ដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។
មាត្រា ៦៦.-
- រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញនិងឯកភាព នៅទូទាំងប្រទេសដែលធានាឲ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការនិងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ ស្មើគ្នាក្នុងការកសាងជីវិត ។
មាត្រា ៦៧.-
- រដ្ឋអនុវត្តកម្មវិធីសិក្សា និងគោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និងភាសាបរទេស ។
- រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សា និងថ្នាក់សិក្សាសាធារណៈនិងឯកជននៅគ្រប់ភូមិសិក្សា ។
មាត្រា ៦៨.-
- រដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋម និងមធ្យមសិក្សានៅសាលារៀនសាធារណៈ សំរាប់ប្រជាពលរដ្ឋគ្រប់រូបដោយឥតបង់ថ្លៃ ។
- ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ ។
- រដ្ឋជួយផ្សព្វផ្សាយនិងលើកតំកើងសាលាបាលីនិងពុទ្ធិកសិក្សា។
មាត្រា ៦៩.-
- រដ្ឋមានកាតព្វកិច្ចថែរក្សា និងពង្រីកវប្បធម៌ជាតិ ។
- រដ្ឋមានកាតព្វកិច្ចការពារ និងពង្រីកភាសាខ្មែរឲ្យសមស្របនឹងសេចក្តីត្រូវការ ។
- រដ្ឋមានកាតព្វកិច្ចថែរក្សានិងការពារ ប្រាសាទបុរាណវត្ថុសិល្បៈបុរាណ និងកែលំអរមណីយដ្ឋានប្រវត្តិសាស្រ្តឡើងវិញ ។
មាត្រា ៧០.-
- បទល្មើសទាំងឡាយដែលប៉ះពាល់ ឬទាក់ទងនឹងបេតិកភ័ណ្ឌ វប្បធម៌ និងបេតិកភ័ណ្ឌសិល្បៈ ត្រូវផ្តន្ទាទោសជាទម្ងន់ ។
មាត្រា ៧១.-
- បរិវេណបេតិកភ័ណ្ឌជាតិក៏ដូចជាបេតិកភ័ណ្ឌដែលបានបញ្ចូលជាបេតិកភ័ណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យាក្រឹត ដែលមិនឲ្យមានសកម្មភាពយោធា ។
មាត្រា ៧២.-
- សុខភាពរបស់ប្រជារាស្រ្តត្រូវបានធានា ។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺនិងព្យាបាលជម្ងឺ ។ ប្រជារាស្រ្តក្រីក្រត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ ។
- រដ្ឋរៀបចំឲ្យមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ ។
មាត្រា ៧៣.-
- រដ្ឋយកចិត្តទុកដាក់ចំពោះកុមារនិងមាតា ។ រដ្ឋរៀបចំឲ្យមានទារកដ្ឋាន និងជួយឧបត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង ។
មាត្រា ៧៤.-
- រដ្ឋជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។
មាត្រា ៧៥.-
- រដ្ឋចាត់ចែងឲ្យមានរបបសន្តិសុខសង្គម ដល់កម្មករនិងនិយោជិត ។