ជំពូកទី ២
អំពី ព្រះមហាក្សត្រ
មាត្រា ៧.-
- ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។
- ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។
- អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ
មាត្រា ៨.-
- ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។
- ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ។
មាត្រា ៩.-
- ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។
មាត្រា ១០.-
- របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។
- ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយ។
មាត្រា ១១.-ថ្មី
- ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋបានដូចធម្មតាដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភានិងនាយករដ្ឋមន្រ្តី នោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ ។
- ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ ។
- តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ :
- ក- អនុប្រធានទី ១ ព្រឹទ្ធសភា
- គ- អនុប្រធានទី ២ ព្រឹទ្ធសភា
មាត្រា ១២.-ថ្មី
- នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា ។
- ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ថ្មី ។
មាត្រា ១៣.-ថ្មី
- ក្នុងរយៈវេលា ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ ។
- សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន :
- -សម្តេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- -អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
- -អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
- ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិនឹងមានកំណត់ក្នុងច្បាប់មួយ ។
មាត្រា ១៤.-
- ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ ។
- មុនចូលគ្រងរាជសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធ ទី៤ ។
មាត្រា ១៥.-
- ព្រះជាយានៃព្រះមហាក្សត្រមានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ១៦.-
- ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយ ទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ ។
- ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និងជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ច ផ្នែកពិធីការ និងការទូត ។
មាត្រា ១៧.-
- ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទីមួយនៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត ។
មាត្រា ១៨.-ថ្មី
- ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភានិងរដ្ឋសភាដោយព្រះរាជសារ ។
- ព្រះរាជសារនេះ ព្រឹទ្ធសភានិងរដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយ ។
មាត្រា ២០.-
- ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឲ្យនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ ។
មាត្រា ២១.-
- តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្រ្តី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់ភារៈកិច្ច មន្រ្តីជាន់ខ្ពស់ ស៊ីវីលនិងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព ។
- តាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬដកចៅក្រមផ្នែកយុត្តាធិការ ។
មាត្រា ២២.-ថ្មី
- នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា ។
មាត្រា ២៣.-
- ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ ។
មាត្រា ២៤.-ថ្មី
- ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។
- ព្រះមហាក្សត្រទ្រង់ប្រកាសសង្រ្គាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា ។
មាត្រា ២៥.-
- ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬប្រេសិតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសក្រៅ មកប្រចាំព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២៦.-ថ្មី
- ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញានិង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញានិងអនុសញ្ញាទាំងនេះ ក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភានិងព្រឹទ្ធសភា ។
មាត្រា ២៧.-
- ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។
មាត្រា ២៨.-ថ្មី
- ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និងទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ តាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្រ្តី ។
- ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះ ព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅលើព្រះរាជក្រម ឬព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ ។
មាត្រា ២៩ ថ្មី.-
- ព្រះមហាក្សត្រទ្រង់បង្កើតនិងប្រទានគ្រឿងឥស្សរិយយសជាតិ ។
- ព្រះមហាក្សត្រទ្រង់សំរេចប្រទានឋានន្តរសក្តិ ឋានៈ យោធានិងស៊ីវិលតាមច្បាប់កំណត់ ។
មាត្រា ៣០.-ថ្មី
- ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ។
- ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ច ជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្តមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ថ្មី ។