Welcame to Constitutional Council of Cambodia
ជំពូកទី ៧
អំពី រដ្ឋសភា
មាត្រា ៧៦.- ថ្មី
- រដ្ឋសភាមានសមាជិកតំណាងរាស្រ្តយ៉ាងតិច ១២០ រូប ។
- តំណាងរាស្រ្ត ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។
- តំណាងរាស្រ្តអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន ។
- អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត ។
- បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៧៧.-
- តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូលពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ ។
- អាណត្តិអាជ្ញាបញ្ជាទាំងឡាយត្រូវទុកជាមោឃៈ ។
មាត្រា ៧៨.-
- នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង ។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈ ១២ ខែ ។
- ក្នុងករណីនេះព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្រ្តី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា ។
- ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក ។
- ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ ។
- ក្នុងពេលមានសង្រ្គាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ ។
- ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភា ត្រូវសំរេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិចនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៧៩.-
- អាណត្តិនៃសមាជិករដ្ឋសភាមានវិសមិតភាពជាមួយការបំពេញ មុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល ។
- ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះ មានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ និងក្នុងគណៈកម្មការផ្សេងៗ នៃរដ្ឋសភា ។
មាត្រា ៨០.-
- តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា ។
- តំណាងរាស្រ្តរូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ ។
- ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពី រដ្ឋសភា ឬពីគណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង ។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសំរេច ។
- សេចក្តីសំរេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។
- ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្រ្តណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើន បីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៨១.-
- រដ្ឋសភាមានថវិកាស្វយ័ត សំរាប់ដំណើរការ ។
- តំណាងរាស្រ្តត្រូវទទួលប្រាក់បំណាច់ ។
មាត្រា៨២ .- ថ្មី ( មួយ )
- រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
- មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- ប្រធានរដ្ឋសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។
- រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
- តំណាងរាស្រ្តទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ។
មាត្រា ៨៣.-
- រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។
- សម័យប្រជុំនិមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្តីស្នើសុំពីនាយករដ្ឋមន្រ្តី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ ។
- ក្នុងករណីនេះ របៀបវារៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់ប្រជារាស្រ្តជាមួយនឹងថ្ងៃកំណត់ប្រជុំ ។
មាត្រា ៨៤.-
- នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងារ ។
- គណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភារួមមាន : ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំងអស់របស់រដ្ឋសភា ។
មាត្រា ៨៥.-
- សម័យប្រជុំរដ្ឋសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់រដ្ឋសភា លើកលែងតែមានការសំរេចផ្សេង ចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ ។
- ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងពីកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្តីអញ្ជើញ ការប្រជុំណាក៏ដោយរបស់រដ្ឋសភាត្រូវទុកជាខុសច្បាប់ ហើយជាអាសាសូន្យពេញលក្ខណៈ ។
មាត្រា ៨៦.-
- ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ។ រដ្ឋសភាមានសិទ្ធិសំរេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត ។
- បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
- នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ។
មាត្រា ៨៧.-
- ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់និងសេចក្តីសំរេចចិត្តទាំងឡាយដែលរដ្ឋសភាបានអនុម័ត រ៉ាប់រងការអនុវត្ត បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា ។
- ក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈ មិនអាចបំពេញមុខងារបានដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្តីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស ។
- ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី ។
មាត្រា ៨៨.-ថ្មី(ពីរ)
- ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ ។
- រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬ ពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬ ពីនាយករដ្ឋមន្រ្តី ។
- ការប្រជុំរដ្ឋសភា នឹងយកជាការបានលុះត្រាតែមាន :
- ក- កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
- ខ- កូរ៉ុមលើសពីពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
មាត្រា៨៩ .- ថ្មី
- តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូប ឬច្រើនរូប អមដោយឥស្សរជនជាអ្នកជំនាញក្នុងវិស័យណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
មាត្រា ៩០.- ថ្មី(ពីរ)
- រដ្ឋសភាជាអង្គការ ដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។
- រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការបង្កើត កែប្រែ ឬ លុបចោលពន្ធដារ ។
- រដ្ឋសភាឱ្យសេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល ។
- រដ្ឋសភាអនុម័តច្បាប់ស្តីពីការលើកលែងទោសជាទូទៅ ។
- រដ្ឋសភាអនុម័តយល់ព្រម ឬ លុបចោលសន្ធិសញ្ញា ឬ អនុសញ្ញាអន្តរជាតិ ។
- រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាសសង្រ្គាម ។
- ការអនុម័តខាងលើនេះប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
- រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៩១.-ថ្មី
- សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភានិងនាយករដ្ឋមន្រ្តីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ ។
- តំណាងរាស្រ្តមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើនេះ មិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ ។
មាត្រា ៩២.-
- ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឲ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអាសាសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ ។
មាត្រា ៩៣.-ថ្មី
- ច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ ។ ប៉ុន្តែបើច្បាប់នេះបានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឱ្យប្រើ ។
- ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ចនិងផ្សព្វផ្សាយនៅទូទាំងប្រទេស ឱ្យទាន់តាមពេលកំណត់ខាងលើ ។
មាត្រា ៩៤.-
- រដ្ឋសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់ ។ ការរៀបចំនិងការប្រព្រឹត្តទៅ នៃរដ្ឋសភានឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ។
មាត្រា ៩៥.-
- ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង៦ខែយ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៩៦.-
- តំណាងរាស្រ្តមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល ។ សំណួរនេះ ត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា ។
- ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្រ្តីមួយរូបឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្រ្តីមួយរូបឬច្រើនរូប ។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្រ្តីត្រូវឆ្លើយផ្ទាល់ខ្លួន ។
- ចម្លើយរបស់រដ្ឋមន្រ្តីឬរបស់នាយករដ្ឋមន្រ្តី អាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយល័ក្ខអក្សរ ។
- ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ ។
- ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសំរេចបើកឲ្យមាន ឬមិនឲ្យមានការជជែកដេញដោល ។ បើគ្មានការបើកឲ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្រ្តី ឬរបស់នាយករដ្ឋមន្រ្តី នឹងបញ្ចប់សំណួរតែម្តង។
- បើមានការបើកឲ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្រ្តីពាក់ព័ន្ធឬនាយករដ្ឋមន្រ្តី អាចជជែកប្តូរយោបល់ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ ។
- រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់ការឆ្លើយសំណួរ ។
- ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសំរាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពឲ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយ។
មាត្រា ៩៧.-
- គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្រ្តីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន ។
មាត្រា៩៨ .- ថ្មី( មួយ )
- រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬ ទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែង ដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះ មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
- ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្រ្តចំនួនមួយភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន។
Go Back top