ជំពូកទី ១២ ថ្មី
អំពីក្រុមប្រឹក្សាធម្មនុញ្ញ
មាត្រា ១៣៦.- ថ្មី
- ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ។
- ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសំរេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
មាត្រា១៣៧ .- ថ្មី( មួយ )
- ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
- ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់។ ប្រធានមានសំឡេងឧត្តមានុភាពក្នុងករណីបែកសំឡេងជាពីរស្មើគ្នា។
មាត្រា ១៣៩.- ថ្មី
- មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពនឹងមុខងារសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ប្រធាន ឬអនុប្រធានសហជីព ។
មាត្រា ១៤០.- ថ្មី
- ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា តំណាងរាស្រ្តចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភាឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននឹងច្បាប់នោះ ត្រូវប្រកាសឱ្យប្រើ ។
- បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានិងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឱ្យប្រើ ។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសំរេច ក្នុងរយៈពេលសាមសិប(៣០)ថ្ងៃយ៉ាងយូរ ថាតើច្បាប់ បទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្របឬមិនស្របនឹងរដ្ឋធម្មនុញ្ញ ។
មាត្រា ១៤១.- ថ្មី
- ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្រ្តចំនួនមួយភាគដប់ឬតុលាការអាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះ ។
- ប្រជារាស្រ្តមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្រ្តឬប្រធានរដ្ឋសភាឬសមាជិកព្រឹទ្ធសភាឬប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ។
- សេចក្តីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសំរេចបិទផ្លូវតវ៉ា ។