ជំពូកទី ១០ ថ្មី
អំពីរាជរដ្ឋាភិបាល
មាត្រា១១៨.- ថ្មី (មួយ)
- គណៈរដ្ឋមន្រ្តីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
- គណៈរដ្ឋមន្រ្តី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តីមួយរូប អមដោយឧបនាយករដ្ឋមន្រ្តី ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាសមាជិក។
- មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធទី៦។
- នៅពេលផុតនីតិកាលនីមួយៗរបស់រដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីតំណែង មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
- សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួន ចំពោះនាយករដ្ឋមន្រ្តីនិងចំពោះរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត ។
- អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តី ។ នាយករដ្ឋមន្រ្តីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្រ្តីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន ។
- កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្រ្តី ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប ។
- បើតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ ដោយហេតុជាអាទិ៍មកពីការទទួលអនិច្ចកម្ម ឬការលាលែងពីមុខតំណែង គណៈរដ្ឋមន្រ្តីថ្មីមួយត្រូវតែងតាំងជាបន្ទាន់ ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ ប្រធានរដ្ឋសភាត្រូវកោះប្រជុំរដ្ឋសភាជាបន្ទាន់ និងត្រូវធ្វើចំណាត់ការចាំបាច់ដទៃទៀតដោយរួសរាន់ ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលសំណើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។
- ក្នុងករណីតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ ដោយហេតុមកពីការទទួលអនិច្ចកម្ម គណៈរដ្ឋមន្រ្តីដែលត្រូវចេញពីតំណែង ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តីដែលទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីស្ដីទី មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានគណៈរដ្ឋមន្រ្តីថ្មីចូលកាន់តំណែង។
- ការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្រ្តី ត្រូវធ្វើឡើងតាមលិខិតលាលែងពីមុខតំណែង ដែលត្រូវផ្ញើថ្វាយព្រះមហាក្សត្រ និងចម្លងជូនប្រធានរដ្ឋសភា។ ក្នុងករណីនេះ គណៈរដ្ឋមន្រ្តីដែលត្រូវចេញពីតំណែង ត្រូវបន្តដឹកនាំការងាររបស់រាជរដ្ឋាភិបាល រហូតដល់គណៈរដ្ឋមន្រ្តីថ្មីចូលកាន់តំណែង។
- ក្នុងករណីនេះនិងក្នុងករណីធ្វើខុសជាទម្ងន់ ក្នុងការបំពេញការងាររបស់ខ្លួនរដ្ឋសភាអាចសំរេចប្តឹងទៅតុលាការមានសមត្ថកិច្ច ។
- រដ្ឋសភាសំរេចក្នុងរឿងនេះ ដោយវិធីបោះឆ្នោតជាសម្ងាត់ តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។