ជំពូកទី ១៥ ថ្មី(ពីរ)
អំពីអង្គការរៀបចំការបោះឆ្នោត
មាត្រា ១៥០.- ថ្មី (ពីរ)
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់ ។
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
- មុខងារជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានវិសមិតភាពជាមួយការបំពេញមុខតំណែងក្នុងមុខងារសាធារណៈ និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ ។ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចធ្វើជាសមាជិកនៃគណបក្សនយោបាយ ឬធ្វើជាអ្នកដឹកនាំនៃអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព ឬក្រុមហ៊ុនពាណិជ្ជកម្មណាមួយបានឡើយ ។
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានថវិកាស្វយ័តសម្រាប់ដំណើរការ ។
មាត្រា ១៥១.-ថ្មី (ពីរ)
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមាសភាពប្រាំបួនរូបដែលទទួលអាណត្តិប្រាំឆ្នាំ ។ សមាសភាពបួនរូបត្រូវជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល បួនរូបត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និងមួយរូបត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា ។
- គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ត្រូវដំណើរការរៀបចំឲ្យមានការជ្រើសរើសដោយបើកចំហ និងតម្លាភាព នូវសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា រៀបចំបញ្ជីសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្តតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
- សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ។
- ក្នុងករណីសមាជិកណាមួយនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាត់បង់សមាជិកភាពរបស់ខ្លួន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាត្រូវចាត់នីតិវិធីជ្រើសរើស សមាសភាពថ្មីជំនួស ក្នុងរយៈពេលយ៉ាងយូរ ១៥ ថ្ងៃ គិតពីថ្ងៃបាត់បង់សមាជិកភាព ។ នីតិវិធីលំអិតនៃការជ្រើសរើសសមាសភាពថ្មី ជំនួស ត្រូវកំណត់ដោយឡែកក្នុងច្បាប់ ។
- ក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានស្រាប់ ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ចដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់ ។
- ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវកំណត់ក្នុងច្បាប់មួយ ។