ជំពូកទី ៣
អំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
មាត្រា ៣១.-
- ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។
- ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាពអ្នកដទៃឡើយ ។ ការប្រើសិទ្ធិ សេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ ។
មាត្រា ៣២.-
- ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន ។
- ទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ ។
មាត្រា ៣៣.-
- ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។
- ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។
- ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់ ។
មាត្រា៣៤.- ថ្មី (មួយ)
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំ មានសិទ្ធិបោះឆ្នោត។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
- បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់។
មាត្រា ៣៥.-
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ។
- សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។
មាត្រា ៣៦.-
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរ សមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវការរបស់សង្គម ។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា ។
- ការងារមេផ្ទះមានតម្លៃស្មើគ្នា នឹងកំរៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់ ។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ ។
- ការរៀបចំនិងការប្រព្រឹត្តទៅនៃសហជីព នឹងមានកំណត់ក្នុងច្បាប់ ។
មាត្រា ៣៧.-
- សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់ ។
មាត្រា ៣៨.-
- ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ ។
- ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
- ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាម បញ្ញត្តិច្បាប់ ។
- ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយ ដែលបន្ថែមទម្ងន់ទណ្ឌកម្មអនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារ ត្រូវហាមឃាត់មិនឲ្យធ្វើឡើយ ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់ ។
- ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ ។
- វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ។
- ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណា តុលាការមិនទាន់កាត់ទោសជាស្ថាពរ ។
- ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ ។
មាត្រា ៣៩.-
- ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទារសំណងជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ ។ ការដោះស្រាយបណ្តឹងតវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ ។
មាត្រា ៤០.-
- សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព ។
- ប្រជាពលរដ្ឋខ្មែរអាចចេញទៅតាំងទីលំនៅ នៅប្រទេសក្រៅ ឬ វិលត្រឡប់មកវិញបាន។
- ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា ។
- ការឆែកឆេរលំនៅឋាន សម្ភារៈវត្ថុ និងលើរូបបុគ្គល ត្រូវធ្វើឲ្យស្របនឹងបញ្ញត្តិច្បាប់ ។
មាត្រា ៤១.-
- ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ។
- របបសារពត៌មាន ត្រូវរៀបចំឡើងដោយច្បាប់ ។
មាត្រា ៤២.- ថ្មី
- ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
- គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
- ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។
មាត្រា ៤៣.-
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ ។
- សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និង សន្តិសុខសាធារណៈ ។
- ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
មាត្រា ៤៤.-
- ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ។
- កម្មសិទ្ធិឯកជនស្របច្បាប់ ឋិតនៅក្រោមការគាំពារនៃច្បាប់ ។
- ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុនដោយ សមរម្យ និងយុត្តិធម៌ ។
មាត្រា ៤៥.-
- ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្រ្តីភេទត្រូវបំបាត់ចោល។
- ការធ្វើអាជីវកម្ម លើការងាររបស់ស្រ្តី ត្រូវហាមឃាត់ ។
- បុរស និង ស្រ្តី មានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ ។
- អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមលក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្តីមួយប្រពន្ធមួយ ។
មាត្រា ៤៦.-
- អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់ ។
- ត្រូវហាមឃាត់មិនឲ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌ ។ នារីមានសិទ្ធិឈប់សំរាកនៅពេលសំរាលកូន ដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត ។
- រដ្ឋនិងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឲ្យនារី ជាពិសេសនារីនៅជនបទ ដែលគ្មានទីពឹង បានទទួលការឧបត្ថម្ភដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជម្ងឺ ឲ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ ។
មាត្រា ៤៧.-
- មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឲ្យទៅជាពលរដ្ឋល្អ ។
- កូនមានករណីយកិច្ចចិញ្ចឹមនិងបីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ ។
មាត្រា ៤៨.-
- រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្រ្គាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណ លើកុមារ។
- រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឲ្យខូចដល់ការអប់រំ និង ការរៀនសូត្ររបស់កុមារ ឬ ដែលនាំអោយអន្តរាយដល់សុខភាព ឬ សុខុមាលភាពរបស់កុមារ ។
មាត្រា ៤៩.- ថ្មី
- ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
- ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា
និងប្រជាពលរដ្ឋខ្មែរឡើយ។
- ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
- កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
មាត្រា ៥០.-
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និងកម្មសិទ្ធិ ស្របច្បាប់របស់ឯកជន ។