ជំពូកទី ៨ ថ្មី
អំពីព្រឹទ្ធសភា
មាត្រា ៩៩.-ថ្មី
- ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ។
- ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
- សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះនិងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះ ។
- សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំងនិងជ្រើសតាំងសាជាថ្មីបាន ។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច ៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត ។
មាត្រា ១០០.-ថ្មី
- សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ។
- សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប ។
- រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
មាត្រា ១០១.-ថ្មី
- ការរៀបចំ បែបបទនិងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោតនិងមណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ ។
មាត្រា១០២ .- ថ្មី( មួយ )
- នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
- ក្នុងពេលមានសង្រ្គាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
- ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
- ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។ ប៉ុន្តែ ការសម្រេចបញ្ចប់កាលៈទេសៈពិសេសដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រឹទ្ធសភាត្រូវសម្រេចរួមគ្នាជាមួយរដ្ឋសភា ក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភា វៀរលែងតែការអនុវត្តមាត្រា៨៦ នៃរដ្ឋធម្មនុញ្ញ។
- បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍ នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
មាត្រា ១០៣.-ថ្មី
- អាណត្តិនៃសមាជិកព្រឹទ្ធសភាមានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម ជាមួយមុខងារជាតំណាងរាស្រ្តនិងជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។
មាត្រា ១០៤.-ថ្មី
- សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា ។
- សមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួនសមាជិកណាមួយនៃព្រឹទ្ធសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង ។ ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្តីរាយការណ៍ជូនព្រឹទ្ធសភាឬជូនគណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ដើម្បីសំរេច ។
- សេចក្តីសំរេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភាត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល ។
- ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃសមាជិកព្រឹទ្ធសភាទាំងមូល ។
មាត្រា ១០៥.-ថ្មី
- ព្រឹទ្ធសភាមានថវិកាស្វ័យតសំរាប់ដំណើរការ ។
- សមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់បំណាច់ ។
មាត្រា១០៦ .- ថ្មី( ពីរ )
- ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
- មុនចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
- ប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកព្រឹទ្ធសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។
- សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធទី៧ នៃរដ្ឋធម្មនុញ្ញ។
មាត្រា ១០៧.-ថ្មី
- ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ។
- សម័យប្រជុំនីមួយៗមានថិរៈវេលាយ៉ាងតិចបីខែ ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្តីស្នើសុំពីនាយករដ្ឋមន្រ្តី ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ ។
មាត្រា ១០៨.-ថ្មី
- នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភាទទួលភារកិច្ចចាត់ចែងការងារ ។
- គណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភារួមមាន : ប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភានិងប្រធានគណៈកម្មការទាំងអស់របស់ព្រឹទ្ធសភា ។
មាត្រា ១០៩.-ថ្មី
- សម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់ព្រឹទ្ធសភា លើកលែងតែមានការសំរេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ ។
- ក្រៅពីករណីខាងលើនិងក្រៅពីកន្លែង និងកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្តីអញ្ជើញ ការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវទុកជាខុសច្បាប់ ហើយអសារសូន្យពេញលក្ខណៈ ។
មាត្រា ១១០.-ថ្មី
- ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភា ទទួលអាញត្តិច្បាប់និងសេចក្តីសំរេចចិត្តទាំងឡាយដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភានិងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភា ។
- ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈ មិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺឬបំពេញមុខងារជាប្រមុខរដ្ឋស្តីទី ឬជាព្រះរាជានុសិទ្ធិឬបំពេញបេសកកម្មនៅបរទេស អនុប្រធានព្រឹទ្ធសភាមួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស ។
- ក្នុងករណីដែលប្រធាន ឬអនុប្រធានព្រឹទ្ធសភាលាលែងពីមុខតំណែងឬទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី ។
មាត្រា ១១១.-ថ្មី(ពីរ)
- ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ ។
- ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬ ពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្រ្តី ឬ ពីប្រធានរដ្ឋសភា ។
- ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន :
- ក-កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
- ខ-កូរ៉ុមលើសពីពាក់កណ្តាលនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬ យកមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
- ចំនួនសំឡេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ ។
មាត្រា ១១២.-ថ្មី
- ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាល ។
មាត្រា ១១៣.-ថ្មី
- ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរ លើសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ ។ បើជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ ។
- បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រមឬពុំបានឱ្យយោបល់សោះ ក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ ។
- បើព្រឹទ្ធសភាសុំឱ្យកែសំរួលសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទីពីរ ។ រដ្ឋសភាត្រូវពិនិត្យនិងសំរេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសំរួល ដោយបដិសេធចោលទាំងមូលឬទុកជាបានការខ្លះ ។
- ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភានិងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ ។ រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសំរេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់ ។
- បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសំរាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍សំរាប់រដ្ឋសភានិងព្រឹទ្ធសភា ត្រូវបន្ថែមឱ្យស្មើគ្នាដែរ។
- បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទីពីរបាន មុនរយៈពេលមួយខែទេ។ រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិកាជាតិនិងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។
- ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ជាលើកទី ២ នេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហនិងយកតាមមតិភាគច្រើនដាច់ខាត ។
- សេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ណាដែលបានសំរេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ ។
មាត្រា ១១៤.-ថ្មី(មួយ)
- ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់ ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា ។ បទបញ្ជាផ្ទៃក្នុងនេះត្រូវអនុម័តយល់ព្រម ដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
មាត្រា ១១៥.-ថ្មី
- ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្ម លាលែងឬប្រាសចាកសមាជិកភាពដែលកើតមានឡើងប្រាំមួយខែយ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់តាំងឬជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា និងក្នុងច្បាប់ស្តីពីការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។