ឧបសម្ព័ន្ធទី ៧
សច្ចាប្រណិធាន
ទូលព្រះបង្គំ
យើងខ្ញុំ
ប្រធាន អនុប្រធាននិងសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ
និងទេវតារក្សាស្វេតច្ឆត្រ
ដូចតទៅ :
- ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញ បេសកកម្ម ដែលប្រជារាស្រ្តកម្ពុជា បានប្រគល់ជូន ចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បំរើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតិភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍ជាតិ សំរាប់ផ្ទាល់ខ្លួន ឬសំរាប់គ្រួសារ ឬសំរាប់បក្សពួក ឬសំរាប់ភាគីរៀងៗខ្លួនឡើយ ។
- ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគតនូវ
• ឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា
• អធិបតេយ្យភាពជាតិពេញបរិបូណ៌
• បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មាន ក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់១៩៦៩
• ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬ ការធ្វើអបគមន៍ណាមួយឡើយ ។
- ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម័្ពន្ធសំរាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឱ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ ។ ទូលព្រះបង្គំយើងខ្ញុំ មិនបំរើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្រ្ត ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។
- ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិនិងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុងនូវអំពើហឹង្សាគ្រប់បែបយ៉ាង ។
ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុក នូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន ។
- ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស ។
- ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និង សន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្រ្តកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប ។