មាត្រា ១៩ ថ្មី.-
- ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្រ្តីនិងទ្រង់តែងតាំងគណៈរដ្ឋមន្រ្តីតាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី ។
មាត្រា ៨២.- ថ្មី
- រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
- មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និង សមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
- រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
- តំណាងរាស្រ្តទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ ។
មាត្រា ១០៦.-ថ្មី(មួយ)
- ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
- មុនចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
- សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធទី ៧ នៃរដ្ឋធម្មនុញ្ញ ។
- មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធ ៦ ។
- ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ ប្រធានមានសំឡេងឧត្តមានុភាពក្នុងករណីបែកសំឡេងជាពីរស្មើគ្នា ។
មាត្រា ៤.-
- ការរៀបចំបញ្ជីរាយនាមបេក្ខជន ដើម្បីបោះឆ្នោតជ្រើសតាំង និង ផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ :
- - បញ្ជីរាយនាមបេក្ខជនប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជា ប្រធាន និង អនុប្រធានគណៈ កម្មការ ជំនាញទាំងអស់ នៃរដ្ឋសភា ត្រូវរៀបចំ និង ស្នើដោយគណបក្សនយោបាយដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចំរុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា ។
- - តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្រ្ត នៃគណបក្សនយោបាយដែលឈ្នះឆ្នោតអោយបង្កើតរាជរដ្ឋាភិបាល ។
- វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជី រាយនាម សមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា ។
- - ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាន នៃរដ្ឋសភា ក៏ដូចជាប្រធាន និង អនុប្រធានគណកម្មការ ជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជន នាយករដ្ឋមន្រ្តី និង សមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត ។