មាត្រា ៨២.-
- រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
- មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។
- តំណាងរាស្ដ្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ ៥ ។
មាត្រា ៨៨ ថ្មី.-
- ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ ។
- រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬ ពីនាយករដ្ឋមន្ដ្រី ។
- ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមាន :
- ក-កូរ៉ុមប្រាំពីរភាគដប់នៃសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី ឬយកមតិភាគច្រើនបីភាគបួននៃសមាជិករដ្ឋសភាទាំងមូល ។
- ខ-កូរ៉ុមប្រាំមួយភាគដប់នៃសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៩០.- ថ្មី
- រដ្ឋសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ។
- រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុនិងការបង្កើត កែប្រែឬលុបចោលពន្ធដារ ។
- រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល ។
- រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ ។
- រដ្ឋសភាអនុម័តយល់ព្រមឬលុបចោលសន្ធិសញ្ញាឬអនុសញ្ញាអន្ដរជាតិ ។
- រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម ។
- ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល ។
- រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៩៨.-
- រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ដ្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោសតាមសម្លេងឆ្នោតពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
- ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ដ្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន ។
មាត្រា ១០៦.-ថ្មី
- ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។
- មុនចាប់ផ្ដើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗនិងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភានិងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល ។
- សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី ៧ នៃរដ្ឋធម្មនុញ្ញ ។
មាត្រា ១១១ថ្មី (មួយ).-
- ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ ។
- ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ដ្រី ឬពីប្រធានរដ្ឋសភា ។
- ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន :
- ក-កូរ៉ុមប្រាំពីរភាគដប់នៃសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី ឬយកមតិភាគច្រើនបីភាគបួននៃសមាជិកព្រឹទ្ធសភាទាំងមូល ។
- ខ-កូរ៉ុមប្រាំមួយភាគដប់នៃសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃសមាជិកព្រឹទ្ធសភាទាំងមូល ។
- ចំនួនសំឡេងដែលតម្រូវសំរាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ព្រឹទ្ធសភាផងដែរ ។
មាត្រា ១១៤.-ថ្មី
- ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់ ។ ការរៀបចំ និងការប្រព្រឹត្ដទៅនៃព្រឹទ្ធសភានឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា ។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ព្រមដោយសម្លេងភាគច្រើនពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
- ក្នុងករណី ការបោះឆ្នោតជុំទីមួយមិនបានសំរេច នីតិវិធីដដែលនេះ នឹងត្រូវអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗទៀត ។