Welcame to Constitutional Council of Cambodia
មាត្រា ១១.-
- ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានរដ្ឋសភា និងនាយករដ្ឋមន្ដ្រី នោះប្រធានរដ្ឋសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា “ព្រះរាជានុសិទ្ធ” ។
មាត្រា ១២.-
- នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានរដ្ឋសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ១៣.-
- ក្នុងរយៈវេលាប្រាំពីរថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ ។
- សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន :
- - សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- - អនុប្រធានទីមួយ និងអនុប្រធានទីពីរ នៃរដ្ឋសភា ។
- ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ ។
មាត្រា ១៨.-
- ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយរដ្ឋសភាដោយព្រះរាជសារ ។ ព្រះរាជសារនេះ រដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយ ។
មាត្រា ២២.-
- នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិឋិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ដ្រី និងប្រធានរដ្ឋសភា ។
មាត្រា ២៤.-
- ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ ។
- ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា ។
មាត្រា ២៦.-
- ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្ដរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និងអនុសញ្ញាទាំងនេះ ក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា ។
មាត្រា ២៨ ថ្មី.-
- ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ តាមសេចក្ដីស្នើសុំពីគណៈរដ្ឋមន្ដ្រី ។
- ក្នុងពេលដែលព្រះមហាក្សត្រប្រឈួនហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះ ព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្ថលេខានៅលើ ព្រះរាជក្រមឬព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួស ដោយព្រះរាជសារប្រគល់សិទ្ធិ ។
មាត្រា ៣០.-
- ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានរដ្ឋសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ។
មាត្រា ៣៤.-
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត ។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត ។
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឲ្យគេបោះឆ្នោត ។
- បទបញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៥១.-
- ព្រះរាជាណាចក្រកម្ពុជា អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។
- ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ។
- អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា រាជរដ្ឋាភិបាល និងសាលាជំរះក្ដី ។
- អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
មាត្រា ៩០.-
- រដ្ឋសភាជាអង្គការតែមួយគត់ដែលមានអំណាចនីតិបញ្ញត្តិ ។ អំណាចនេះ រដ្ឋសភាមិនអាចប្រគល់ឲ្យទៅអង្គការ ឬបុគ្គលណាមួយបានឡើយ។
- រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឲ្យរដ្ឋខ្ចីប្រាក់ពីគេ ការឲ្យរដ្ឋឲ្យប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការបង្កើត កែប្រែ ឬលុបចោលពន្ធដារ ។
- រដ្ឋសភាឲ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល ។
- រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ ។
- រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្ដរជាតិ ។
- រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម ។
- ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល ។
- រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។
មាត្រា ៩១.-
- តំណាងរាស្ដ្រ និងនាយករដ្ឋមន្ដ្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ ។
- តំណាងរាស្ដ្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្ដែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះ សំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកទៅលើប្រជាពលរដ្ឋ ។
មាត្រា ៩៣.-
- ច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាប្រកាសឲ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ថ្ងៃគត់ ក្រោយថ្ងៃប្រកាសឲ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេល ២០ថ្ងៃគត់ ក្រោយថ្ងៃប្រកាសឲ្យប្រើ ។
- ប៉ុន្ដែបើច្បាប់នេះបានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសឲ្យប្រើ ។
- ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្ដលេខាប្រកាសឲ្យប្រើ ត្រូវចុះក្នុងរាជកិច្ចនិងផ្សព្វផ្សាយនៅទូទាំងប្រទេសឲ្យទាន់តាមពេលកំណត់ខាងលើ ។
Go Back top