មាត្រា ១៩ ថ្មី.- (មួយ)
- ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្រ្តី និងទ្រង់តែងតាំងគណៈរដ្ឋមន្រ្តី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី(មួយ)។
មាត្រា ៨៩.-
- តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្តមណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស ។
មាត្រា ៩៨.- ថ្មី
- រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬ ទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
- ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្រ្តចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន ។
មាត្រា ១០២.-ថ្មី
- នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង ។
- ក្នុងពេលមានសង្រ្គាមឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ ។
- ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភាត្រូវសំរេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
- ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ។ ព្រឹទ្ធសភាមានសិទ្ធិសំរេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត ។
- បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ ។
មាត្រា១១៩ .-ថ្មី ( មួយ )
- តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ពីក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលឈ្នះឆ្នោតមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។
- មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធទី៦។
មាត្រា ៤.-ថ្មី
- ការរៀបចំបញ្ជីរាយនាមសមាសភាព ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ ៖
- - បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំនិងស្នើដោយគណបក្សនយោបាយដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់។
- - តាមសេចក្តីស្នើពីគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តីពីក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។
- - ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្រ្តីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត ។