ច្បាប់ធម្មនុញ្ញបន្ថែម
សំដៅ
ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
មាត្រា ១.-
- ច្បាប់ធម្មនុញ្ញនេះ មានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របតាមតម្រូវការនៃភាពចាំបាច់ ។
មាត្រា ២.-
- នៅដើមនីតិកាលថ្មីនីមួយៗ រដ្ឋសភា ក្រោមអធិបតីភាពព្រឹទ្ធសមាជិករដ្ឋសភា មុននឹងផ្តើមការងាររបស់ខ្លួន និង ក្រោយពេលសំរេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកម្នាក់ៗ អាចចាប់ផ្តើមអនុម័ត អត្ថបទដែលមានចារិក ជារដ្ឋធម្មនុញ្ញ ឬ ច្បាប់ដើម្បីអនុវត្តបាននូវគោលដៅដូចមានចែងក្នុងមាត្រា ១ ។
- អត្ថបទទាំងនេះ ក្រោយពីបានត្រូវទទួលការបោះឆ្នោតអនុម័តដោយរដ្ឋសភារួចហើយ ត្រូវតែបានទទួលជាបន្ទាន់នូវចំណាត់ការដោយរួសរាន់ពីសំណាក់ព្រឹទ្ធសមាជិករដ្ឋសភា តាមនីតិវិធីកំណត់សំរាប់ អត្ថបទទាំងនោះ រហូតដល់ពេលដែលត្រូវបានប្រកាសអោយចូលជាធរមាន ។
មាត្រា៣ .- ថ្មី( មួយ )
- ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា៨២ ថ្មី(មួយ) និងមាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
មាត្រា៤ .- ថ្មី ( មួយ )
- ការរៀបចំបញ្ជីរាយនាមសមាសភាព ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ ៖
- -បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំនិងស្នើដោយគណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់។
- -តាមសេចក្ដីស្នើពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។
- -ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំជាបន្ទាន់ និងដោយឥតបង្អង់នូវបញ្ជីរាយនាមជាកញ្ចប់មួយដែលរួមមានសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្រ្តីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។ ព្រឹទ្ធសមាជិករដ្ឋសភាត្រូវដឹកនាំប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតអនុម័តបញ្ជីនេះជាបន្ទាន់។
- -ព្រឹទ្ធសមាជិករដ្ឋសភាត្រូវបានជ្រើសរើសដោយកំណត់យកសមាជិករដ្ឋសភា ដែលមានអាយុច្រើនជាងគេ ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់។ ក្នុងករណីដែលព្រឹទ្ធសមាជិករដ្ឋសភារូបនេះមិនអាចអនុវត្តមុខងាររបស់ខ្លួនបាន មុខតំណែងព្រឹទ្ធសមាជិករដ្ឋសភាត្រូវប្រគល់ទៅសមាជិករដ្ឋសភាដទៃទៀតដែលមានអាយុច្រើនក្នុងលំដាប់បន្តបន្ទាប់។
មាត្រា ៥.-
- នៅក្នុងដំណើរការនៃការបោះឆ្នោតជាកញ្ចប់ មិនអាចជជែកពិភាក្សាអ្វីឡើយ ហើយក៏មិនអាចមានការពន្យល់អំពីការបោះឆ្នោតនេះ ក្រោយការប្រកាសលទ្ធផល នៃការបោះឆ្នោតជាកញ្ចប់នេះដែរ ។
- សមាជិករដ្ឋសភា ត្រូវធ្វើការបោះឆ្នោតដោយបញ្ជាក់ថាព្រម ឬ មិនព្រមចំពោះបញ្ជីរាយនាមជាកញ្ចប់មួយ ដែលព្រឹទ្ធសមាជិករដ្ឋសភាបានដាក់ជូន ។ ការបោះឆ្នោតនេះត្រូវធ្វើឡើងដោយវិធីលើកដៃ ។
- ក្នុងករណីការបោះឆ្នោតជុំទីមួយមិនបានសម្រេច នីតិវិធីដដែលនេះនឹងត្រូវអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗទៀត ។
មាត្រា ៧.-
- ច្បាប់ធម្មនុញ្ញបន្ថែមនេះ ត្រូវបានប្រកាសជាការប្រញាប់ និង យកមកអនុវត្តចាប់តាំងពីដើម នីតិកាល បច្ចុប្បន្ននេះទៅ ។